
ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលប្រគល់កុំព្យូទ័រយួរដៃ និងវិញ្ញាបនបត្រជូននិស្សិតជ័យលាភីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ឆ្នាំសិក្សា ២០២៤-២០២៥។
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីសំណេះសំណាលប្រគល់កុំព្យូទ័រយួរដៃ និងវិញ្ញាបនបត្រជូននិស្សិតជ័យលាភីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោចំនួន ៥០០នាក់។ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងនិស្សិតនៃសាកលវិទ្យាល័យចំនួន ៦ រួមមាន៖
- បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)
– សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)
– វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)
– សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)
– សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)
– សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (Paragon.U)
ក្នុងពិធីនេះ ឯកឧត្តម ម៉ម អំណត់ បានមានប្រសាសន៍ណែនាំនិស្សិតឈ្វេងយល់ឱ្យបានច្រើនពីចក្ខុវិស័យ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ សម្រាប់អភិវឌ្ឍន៍ខ្លួនអោយចំគោលដៅ ដើម្បីក្លាយជាធនធានដ៏មានសមត្ថភាព ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសនាពេលអនាគត។ លើសពីនោះទៅទៀត ឯកឧត្តម បានបន្ថែមទៅលើការប្រើប្រាស់បច្ចេកវិទ្យា AI ដែលបង្កើតឱ្យមានព័ត៌មានមិនពិតជាច្រើននៅលើបណ្តាញសង្គម ដូច្នេះឯកឧត្តមបានផ្តល់អនុសាសន៍ដល់និស្សិត និងប្រជាពលរដ្ឋទូទៅឱ្យមានការត្រិះរិះពិចារណាឱ្យបានខ្ពស់មុននឹងជឿលើព័ត៌មានណាមួយ ជៀសវាងការមានការភាន់ច្រឡំ ឬគ្រោះថ្នាក់ផ្សេងៗដែលអាចមានចំពោះខ្លួនឯង គ្រួសារ និងសង្គមជាតិ។
























